នេះជា OnePlus 5T! មានអេក្រង់លាត កម្លាំងម៉ាស៊ីនកប់ និងមានមុខងារស្គេនមុខទៀតផង!
មួយរយៈកន្លងមកនេះ យើងបានឃើញរូបភាពលេចធ្លាយអំពី OnePlus 5T ជាច្រើនមកហើយ ដែលធ្វើឱ្យប្រិយមិត្តរបស់ OnePlus រំភើបចិត្តច្រើន ជាងរាល់ដង នៅក្នុងការរង់ចាំវា ព្រោះថាវាជាស្មាតហ្វូនដែលមាន ការរចនាស្រស់ស្អាតខ្លាំង ជាងស្មាតហ្វូនរបស់ OnePlus ជំនាន់មុនៗទាំងអស់ ដោយសារអេក្រង់ដ៏លេចធ្លោ របស់វានេះតែម្តង។ ហើយ នៅទីបំផុតក្រុមហ៊ុន OnePlus បានប្រកាស OnePlus 5T ជាផ្លូវការហើយ ដោយលើកនេះបានបំពាក់មកជាមួយនឹង កម្លាំងម៉ាស៊ីនខ្លាំងកប់ កាមេរ៉ាល្អជាងមុន និងមានអេក្រង់ លាតកម្រិត 18:9 Aspect Ratio មិនឱ្យចាញ់ចិត្តក្រុមហ៊ុនដទៃឡើយ។ យើងអាចនិយាយថា ក្រុមហ៊ុន OnePlus ពិតជាធ្វើការសិក្សាបានយ៉ាងម៉ត់ចត់មែនទែនទៅលើការផលិត OnePlus 5T នៅលើកនេះ ដោយវាបានបំពេញចំណុចខ្វះខាតនៅលើ OnePlus 5 និងបន្ថែមមកវិញនូវចំណុចខ្លាំង ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនដទៃទៀត។
- ការរចនារូបរាង
បើយើងមើលទៅផ្ទៃខាងក្រោយ រូបរាងរបស់ OnePlus 5T មានការរចនាដូចទៅនឹង OnePlus 5 ច្រើន ព្រោះវាស្ថិតនៅត្រកូលដូចគ្នា នឹងប្រកាសចេញក្នុងឆ្នាំជាមួយគ្នា។ នៅផ្ទៃខាងក្រោយរបស់ត្រូវបានស្រោបខ្លួនដោយលោហៈធាតុ យ៉ាងរឹងមាំ ដែលមិនងាយបាក់បែកដូចជាស្មាតហ្វូនដែលបំពាក់កញ្ចក់ឡើយ ហើយឃើញមានកាមេរ៉ាភ្លោះ ដូចជា iPhone 7 Plus ដដែល មានភ្លើង LED Flash នៅក្បែរនោះ និងមានបន្ថែមស៊េនស័រស្កេនម្រាមដៃ មកនៅខាងក្រោយវិញ។ OnePlus 5T មានវិមាត្របណ្តោយ 156 x ទទឹង 75 x កម្រាស់ 7.3 មីលីម៉ែត្រ និងមានទំងន់ស្រាលត្រឹមតែ 162 ក្រាមប៉ុណ្ណោះ។ ចំណែកឯផ្ទៃខាងមុខរបស់វាវិញ ជាចំណុចដែលទាក់ទាញជាងគេ ដោយយើងឃើញមានផ្ទៃខាងមុខស្រលះស្អាត ដែលមានអេក្រង់លាតធំ កាមេរ៉ា Selfie ហើយក៏មិនមានប៊ូតុង Home និងប៊ូតុងឆ្លាស់ទិសទៀតឡើយ។
- អេក្រង់
អេក្រង់គឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងគេ ដោយនៅទីផុត ក្រុមហ៊ុន OnePlus បានសម្រេចបំពាក់អេក្រង់លាតដូចជាស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀតហើយ ថែមទាំងជាអេក្រង់ល្អទៀតផង។ វាត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ 6.01 អ៊ីងលាត 80.5% នៃផ្ទៃខាងមុខ ដែលវាជាបន្ទះបង្ហាញ AMOLED ដែលមានវិមាត្រ 18:9 ដែលអាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ (1080 x 2160 ភិចស៊ែល) និងបានក្រាលដោយកញ្ចក់ផុស 2.5D ប្រភេទ Corning Gorilla Glass 5 ទៀតផង។ ថ្មីត្បិតតែកម្រិតបង្ហាញរូបភាពរបស់ OnePlus 5T មិនបានបង្កើនក៏ពិតមែន ក៏ប៉ុន្តែការបង្ហាញរបស់វាគឺបានច្បាស់ល្អ រូបភាពអណ្ដែត និងមានពណ៌ត្រឹមត្រូវល្អមែនទែន ថែមទាំងមានមុខងារកែប្រែពណ៌អេក្រង់ទៅតាមស្ថានភាពទៀតផង។
- កម្លាំងម៉ាស៊ីន
ឱ្យតែលឺឈ្មោះថា OnePlus អ្នកទាំងអស់គ្នាប្រាកដជាមិនបាច់និយាយអំពីកម្លាំងម៉ាស៊ីនឡើយ ព្រោះថាក្រុមហ៊ុននេះ មិនដែលសំចៃដៃទៅលើការបំពាក់កម្លាំងម៉ាស៊ីនខ្លាំងនៅលើស្មាតហ្វូនរបស់ខ្លួនឡើយ។ ដោយនៅលើ OnePlus 5T នេះវាត្រូវបានបំពាក់មកនូវគ្រឿងម៉ាស៊ីនខាងក្នុងដូចជា៖
- បន្ទះឈីប Qualcomm Snapdragon 835
- មានស៊ីភីយូ Octa-Core រត់នៅក្នុងល្បឿន 2.45 GHz
- អង្គក្រាហ្វិច Adreno 540
- រ៉េមទំហំ 6GB ឬ 8GB ប្រភេទ LPDDR4X
- ទំហំផ្ទុក 64GB ឬ 128GB ជាប្រភេទ UFS 2.1
ចំពោះគ្រឿងម៉ាស៊ីនរបស់ OnePlus 5T ទាំងអស់នេះ គឺសុទ្ធតែស្ថិតនៅលំដាប់កំពូលទាំងអស់ ដូចនេះការដំណើរការ និងការប្រើប្រាស់លេងហ្គេមក្រាហ្វិចកប់ទាំងអស់របស់វា គឺមិនភាពទាក់សូម្បីតែបន្តិចឡើយ។ ដូចនេះ វាអាចប្រើប្រាស់ធ្លាយទៅដល់ 3 ទៅ 4 ឆ្នាំខាងមុខទៀតក៏មិនទាន់ស្ទក់ដែរ។
- កាមេរ៉ា
កាមេរ៉ារបស់ OnePlus 5T ត្រូវបានឡើងខ្ពស់ជាមុនបន្តិច វាបានបំពាក់មកនូវកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដោយមួយគ្រាប់ត្រូវបានប្រើប្រាស់ស៊េនស័រ Sony IMX 398 អាចចាប់យករូបភាពក្នុងទំហំ 16MP ដែលមានកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀតប្រើប្រាស់ស៊េនស័រ Sony IMX 376K អាចចាប់យករូបភាពក្នុងទំហំ 20MP ដែលបានអាចចាប់យករូបភាពបានល្អជាងមុនច្រើន ជាពិសេសនៅស្ថានភាពខ្សោយពន្លឺតែម្តង។ ហើយកាមេរ៉ាទាំង 2 នេះធ្វើការកាន់តែបានល្អជាងមុនទៅទៀត ដោយវាអាចថតបានកាន់តែច្បាស់ល្អនៅទីកន្លែងពន្លឺទាប និងមុខងារ Portrait កាន់តែផុសដាច់ល្អជាងមុនទៅទៀត ហើយការថតវីឌីអូ 4K វិញក៏ល្អជាងមុខច្រើនផងដែរ ព្រោះវាមានមុខងារទប់រំញ័រ EIS ដែលធ្វើការបានល្អលើសពីការរំពឹងទុក។ ចំណែកឯកាមេរ៉ា Selfie វិញត្រូវបានប្រើប្រាស់ស៊េនស័រ IMX 371 អាចថតរូបភាពបានក្នុងទំហំធំមែនទែន ដល់ទៅ 16MP ជាមួយនឹងកម្រិត Aperture f/2.0 និងមានសមត្ថភាពថតវីឌីអូក្នុងកម្រិត Full HD 1080p។
- ថាមពលថ្ម
ចំពោះថាមពលថ្មរបស់ OnePlus 5T មិនត្រូវបានបង្កើនឱ្យធំជាងមុននោះទេ ដោយវានៅតែទំហំ 3,300 mAh ដដែល ប៉ុន្តែក៏មិនមែនមានន័យថាវាតូចសម្រាប់ការប្រើដែរ វាជាស្មាតហ្វូនកាន់ថ្មបានល្អ ទាំងបន្ទះឈីប និងអេក្រង់ ប្រើប្រាស់ថាមពលថ្មតិច។ ហើយវាក៏បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Dash Charge ទៀតផង ដោយវាអាចសាកថ្មបានលឿនខ្លាំងមែនទែន ដល់ទៅ 5V 4A ឬយើងតែងហៅថា 4.0 ដែលស្ទើរតែលឿនជាងគេទៅហើយ។ OnePlus អះអាងថា ត្រឹមតែរយៈពេល 6 នាទីប៉ុណ្ណោះ Dash Charge អាចសាកថ្មឡើងដល់ 19% ។
- ប្រព័ន្ធដំណើរការ
សម្រាប់ប្រព័ន្ធដំណើរការនៅពេលនេះ OnePlus 5T ត្រូវបានដំណើរការដោយ Android Nougat 7.1.1 ចេញពីប្រអប់ស្រាប់ និងត្រូវបានស្រោបដោយ OxygenOS ដែលមានភាពស្រាលនិងស្រលះល្អ ដំណើរការបានរហ័ស ហើយក៏មាន Feature សំខាន់ៗសម្រាប់ប្រើប្រាស់ជាច្រើនទៀតផង។ ម្យ៉ាងទៀត OnePlus 5T ក៏នឹងអាចភ្លក្សរសជាតិ Android Oreo Beta នៅខែធ្នូខាងមុខនេះដែរ។
- មុខងារថ្មី
ថ្វីត្បិតតែ OnePlus 5T មានតម្លៃទាបជាងស្មាតហ្វូនកំពូលដែលបានចេញ នៅឆ្នាំ 2017 ក៏ពិតមែន ក៏ប៉ុន្តែក្រុមហ៊ុន OnePlus បានព្យាយាមបន្ថែមមុខងារពិសេសៗមួយ គឺ Face Unlock ដែលមិនឱ្យចាញ់ iPhone X នោះទេ ហើយការស្គេនរបស់វាបានរហ័សល្អទៀតផង ដោយអាចដោះសោរត្រឹមតែរយៈពេល 0.1 វិនាទីតែប៉ុណ្ណោះ។
- ចំណុចអវិជ្ជមាន
សម្រាប់ស្មាតហ្វូន OnePlus 5T នេះគឺពិតជាពិបាករកចំណុចខ្វះខាតរបស់វាមែនទែន ប៉ុន្តែវានៅតែមានអញ្ចឹង ដោយវាមិនបានបំពាក់មកជាមួយនឹងអាវក្រោះការពារទឹកដូចគេនោះទេ ចំណែកឯកម្រិតបង្ហាញរូបភាពរបស់វា ក៏មិនឡើងដល់ Quad HD ដែរ ហើយតម្លៃរបស់វាក៏ឡើងថ្លៃជាងមុនផងដែរ។
- ថ្ងៃចេញលក់ និងតម្លៃ
OnePlus 5T នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារ សហរដ្ឋអាមេរិច អឺរ៉ុប និងឥណ្ឌា ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកានេះហើយ ដែលតម្លៃរបស់វាគឺពិសេសមែន៖
- ម៉ូឌែល 64GB រ៉េម 6GB មានតម្លៃ 499 ដុល្លារ
- ម៉ូឌែល 128GB រ៉េម 8GB មានតម្លៃ 559 ដុល្លារ
0 comments: